មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡាថា ការដំឡើងពន្ធថ្នាំជក់នឹងជួយសម្រាលបន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា

រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានរៀបចំកម្មវធី «សិក្ខាសាលាផ្សព្វផ្សាយស្តីពី វិធានការមានប្រសិទ្ធភាពកាត់បន្ថយហានីភ័យបណ្តាលមកពីការប្រើប្រាស់ថ្នាំជក» ក្នុងកម្មវិធីនេះដែរមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា នៅអគារមជ្ឈមណ្ឌលគរុកោសល្យភូមិភាគហ៊ុន សែន

ខេត្តកណ្តាល (ក្រុងតាខ្មៅ)។

ថ្លែងក្នុងឪកាសនេះដែរ លោកជំទាវបណ្ឌិត សឿ សុជាតា បានសម្តែងការកោតសរសើរ និងឲ្យតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំប្រឹងប្រែងចូលរួមលើកកម្ពស់សុខភាពសិក្សារតាមរយៈការចូលរួមយ៉ាងសកម្មក្នុងកិច្ចការត្រួតពិនិត្យថ្នាំជក់នាពេលកន្លងមក។

លោកជំទាវបណ្ឌិតបន្ថែមថា នៅកម្ពុជា យោងតាមការសិក្សារស្រាវជ្រាវនេះ បានរកឃើញថា ប្រជាពលរដ្ឋប្រមាណ១៥០០០នាក់បានស្លាប់ដោយសារជំងឺ បង្កពីការប្រើប្រាស់ថ្នាំជក ហើយថវិការរាប់ពាន់លានដុល្លារត្រូវបានខាតបង់ក្នុងមួយឆ្នាំៗ។

ការប្រើប្រាស់ថ្នាំជក់បង្កអោយមានបញ្ហាសេដ្ឋកិច្ច និងសុខភាពធ្ងន់ធ្ងរ ដែលជាបន្ទុកសម្រាប់រាជរដ្ឋាភិបាលដោះស្រាយ។ ជាក់ស្តែង ជារៀងរាល់ឆ្នាំកម្ពុជាខាតបង់ថវិកាប្រមាណ ៦៦៣លានដុលាអាមេរិក ស្មើនឹង៣% នៃ GDP ដោយសារតែការប្រើប្រាស់ថ្នាំជក់។ ប្រជាពលរដ្ឋប្រមាណ ១៥ ០០០ ស្លាប់ដោយសារតែជំងឺដែលបង្កពីការប្រើប្រាស់ថ្នាំជក់ រួមមានជំងឺដាច់សរសៃខួរក្បាល សរសៃឈាមបេះដូង ផ្លូវដង្ហើមរ៉ាំរ៉ៃ មហារីក និងទឹកនោមផ្អែម ជាអាទិ៍(The Case for Investing in WHO FCTC Implementation in Cambodia, 2019)។

ខណៈដែលរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ឧស្សាហកម្មថ្នាំជក់ ក៏បានខិតខំប្រឹងប្រែងមិនឈប់ឈរដើម្បីស្វែងរកអ្នកជក់ថ្មីៗទៀតដូចអង្គការសុខភាពពិភពលោកបានបញ្ជាក់កន្លងមកថា ផលិតផលថ្នាំជក់សម្លាប់ប្រមាណពាក់កណ្ដាលនៃអ្នកប្រើប្រាស់ទាំងអស់ ប្រាកដណាស់ក្រុមហ៊ុនថ្នាំជក់ត្រូវការអ្នកជក់ថ្មីៗទៀតដើម្បីរក្សាផលចំណេញ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសកម្ពុជាមានអត្រាពន្ធថ្នាំជក់ទាបគឺ ត្រឹមតែ ២៥% ទៅ ៣១% ធៀបតម្លៃលក់រាយ ខណៈដែលប្រទេសថៃ ប្រុយណេ សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេសី ហ្វីលីពី ភូមា សុទ្ធតែមានអត្រាខ្ពស់ជាង ៥០%ធៀបតម្លៃលក់រាយ (CEATCA ,2021)៕

Author: BTN ONLINE

Leave a Reply

Your email address will not be published.