ហេតុដែលនាំឲ្យព្រះពុទ្ធសាសនារីកចម្រើននិងថយចុះ

ថ្ងៃ១១រោច ខែអាសាឍឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅវត្តខ្សាច់ពោធិអារ្យ ភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បានបកស្រាយដោយ ព្រះភិក្ខុ ម៉ក់ ហេង ។

អ្នកសារព័ត៌មាន៖ តើហេតុប៉ុន្មានយ៉ាងដែលនាំឲ្យព្រះពុទ្ធសាសនាបានរីកចម្រើន?
ព្រះភិក្ខុ ម៉ក់ ហេង៖ ហេតុដែលនាំឲ្យព្រះពុទ្ធសាសនាបានរីកចម្រើនមាន៥យ៉ាងគឺ

១. បរិស័ទ ស្តាប់ធម៌ ដោយសេចក្តីគោរព ។
២. បរិស័ទ រៀនធម៌ ដោយគោរព ។
៣. បរិស័ទ ទ្រទ្រង់ព្រះធម៌ ដោយគោរព ។
៤. បរិស័ទ ពិចារណានូវព្រះធម៌ ដោយសេចក្តីគោរព ។
៥. បរិស័ទ ដឹងសេចក្តីអត្ថាធិប្យាយនៃព្រះធម៌ ហើយបដិបត្តិតាមធម៌ដោយគោរព ។
ព្រះភិក្ខុ ម៉ក់ ហេង៖ ហេតុដែលនាំឲ្យព្រះពុទ្ធសាសនាអត់ថយចុះ មាន៥ យ៉ាងគឺ
១. បរិស័ទ មិនស្តាប់ធម៌ ដោយសេចក្តីគោរព ។
២. បរិស័ទ មិនរៀនធម៌ ដោយគោរព ។
៣. បរិស័ទ មិនទ្រទ្រង់ធម៌ ដោយគោរព ។
៤. បរិស័ទ មិនពិចារណានូវសេចក្តីនៃធម៌ ដោយមិនយកចិត្តទុកដាក់ ។
៥. បរិស័ទ មិនដឹងសេចក្តីនៃធម៌ ហើយមិនបដិបត្តិតាមធម៌ដោយគោរព ។
អ្នកសារព័ត៌មាន៖ តើឧបាសក និង ឧបាសិកា មានន័យយ៉ាងម៉េច?
ព្រះភិក្ខុ ម៉ក់ ហេង៖ ពាក្យថា ឧបាសក និងឧបាសិកា គឺ មានសេចក្តីថា អ្នកចូលជិតព្រះពុទ្ធ ដោយន័យថា យកត្រៃសរណគមន៍ មាន ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹកនៃជីវិត ទាំងបីសរណ:នេះ ទើបហៅថា ឧបាសកនិងឧបាសិកា ហើយជាអ្នកសមាទាននូវសីល៥ សីល៨ ឬក៍សីល១០ជាដើម ។

អ្នកសារព័ត៌មាន៖ តើអ្វីជារបងរបស់សីល?

ព្រះភិក្ខុ ម៉ក់ ហេង៖ ចម្រើនពរ សីលក៏មានរបងការពាររារាំង អញ្ចឹងដែរ ដើម្បីទប់ស្កាត់ កុំឲ្យសីលដាច់ធ្លុះធ្លាយនោះ បានដល់ ហិរិ និង ឱត្តប្ប: ដោយន័យសេចក្តីថា ហិរិ ជាធម៌ ខ្លាចបាប ខ្លាចអំពើទុច្ចរិត ឬខ្មាសបាប ។ ឱត្តប្ប: មានន័យថា កិរិយាខ្លាចបាប ដំណើរខ្លាចទុច្ចរិត មិនហ៊ានធ្វើអំពើអាក្រក់ និងជាសេចក្តីតក់ស្លុតជ្រេញរអា ចំពោះបាប ។ ឧទាហរណ៍ កាលពីមុន ហ៊ានសម្លាប់សត្វ លួចទ្រព្យគេ សេពមេថុនធម្ម ប្រពន្ធកូនចៅគេ ដែលគេហួងហែងរក្សា និយាយកុហក បោកប្រាស់ លួចគេញប្រវ័ញ្ច ភ្នែកជញ្ជីង ចូលចិត្តក្រេបនូវទឹកស្រវឹងជាដើម ។ ប៉ុន្តែក្រោយមក ដោយដឹងថា ខ្លួនអាត្មាអញ ពិតជាមនុស្សមានសីល មិនហ៊ានប្រព្រឹត្តអំពើទាំងនេះទេ បើប្រព្រឹត្តនាំ អាត្មាអញដាច់សីល បាបធ្លាក់នរក ។ ដូច្នេះ បើបុគ្គលគិតមមៃ ខ្លាចបាប ខ្មាស់បាបបែបនេះ មានហិរិនិង ឱត្តប្ប:ហើយ ហើយសីលក៏បរិសុទ្ធ ស្អាតទាំងកាយទាំងវាចាចិត្ត ។

Author: BTN ONLINE

Leave a Reply

Your email address will not be published.