
(ភ្នំពេញ) ៖ មានបញ្ហាជាច្រើនក្រោយមានការបើកល្បែងស៊ីសង បែបសាធារណៈ មានប្រភេទល្បែងស៊ីសង Joker ជាពិសេសនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដូចជានៅតាមបណ្ដោយផ្លូវ១៧២ ក្បែរផ្សារសូរិយាម៉ល និងក្បែរវិហារចាម ទីតាំងក្រោយផ្សារកណ្ដាល និងទីតាំងផ្ទះលេខខ១៧,១៨ តាមបណ្ដោយផ្លូវ២២១ ក្នុងសង្កាត់ផ្សេងៗគ្នា នៅក្នុងភូមិសាស្ដ្រខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មានប្រភពមួយចំនួនបានបង្ហើបឲ្យដឹងថា ទីតាំងណេតមួយចំនួន មានសុទ្ធតែមន្ដ្រីគ្រាក់ៗនៅពីក្រោយខ្នងនៃការបើកល្បែងស៊ីសងទាំងនោះ ដែលធ្វើឲ្យអាជ្ញាធរ និងសមត្ថកិច្ច ពិបាកក្នុងការបង្ក្រាបខ្លាំងមែនទែន។ ព្រោះកន្លងមកធ្លាប់មានចំណាត់ការរបស់លោកអភិបាលខណ្ឌដូនពេញ បានចេញបទបញ្ជាឲ្យបង្ក្រាបដែរ ប៉ុន្ដែនៅតែបង្ក្រាបមិនបាន ហាក់ដូចជាមានអ្វីមិនប្រក្រតីណាមួយកើតឡើង។
ក្រោយការបង្ក្រាបបានមួយថ្ងៃ ទីតាំងល្បែងទាំងនោះបានបើកលេងវិញ ហាក់ដូចមិនមានការខ្លាចញញើតនឹងផ្លូវច្បាប់ទាល់តែសោះ ឬមួយថ្នាក់ក្រោមបាទទទួលផលប្រយោជន៍ទេដឹង បានជាបង្ក្រាបហើយស្ងាត់ឈឹង។ ទោះបីយ៉ាងណា មានបុគ្គលញៀនល្បែងខ្លះ បាននិយាយថា ពេលចុះបង្ក្រាបពេលខ្លះហាក់ដូចមានអ្នកផ្ដល់ដំណឹងជាមុន ទើបបានពួកគេមិនដែលមានបញ្ហានៅអាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាបម្ដងៗ។
សូមបញ្ជាក់ថាក្នុងពិធីជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅសមត្ថកិច្ច ក៏ដូចអាជ្ញាធរមូលដ្ឋានខណ្ឌទាំង ១៤ ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងគ្រឿងញៀនឲ្យអស់។
ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជាពិសេស លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ និង លោក ទៀង ចាន់សារ អធិការខណ្ឌដូនពេញ មេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំល្បែងស៊ីសងខាងលើនេះ ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ និងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃផងទាន៕














