ប្រជាពលរដ្ឋប្រមាណ១៨គ្រួសារ លោកស្រី សែ លីលី ដែលជាម្ចាស់បុរីអៃស៊ីធី នៃក្រុមហ៊ុនភ្នំពេញលែនឌីវេឡុបម៉ិន ឯ.ក សូមដោះស្រាយលុយជូនពួកគាត់វិញ ខណៈមិនម្ចាស់បូរីរូបនេះមិនគោរពតាមកិច្ចសន្យា

(ខេត្តកណ្ដាល) ៖ ប្រជាពលរដ្ឋប្រមាណ១៨គ្រួសារ ដែលជាអតិថិជនទិញផ្ទះពីក្រុមហ៊ុន ភ្នំពេញលែនឌីវេឡុបម៉ិនឯ.ក ស្ថិតនៅទីតាំងក្រុងរណបបូរីអៃស៊ីធី ស្ថិតនៅក្នុងភូមិដំរីស្លា​ប់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល សំដែងការមិនពេញចិត្តជាមួយនឹងក្រុមហ៊ុនមួយនេះ ខណៈដែលខ្លួនបានទិញផ្ទះនិងប្រគល់ប្រាក់ហើយមួយចំនួនក៏ដោយ តែក្រុមហ៊ុនមិនធ្វើការសាងសងផ្ទះដូចអ្វីដែលខ្លួនបានសន្យានោះឡើយ នេះបើយោងតាមការរៀបរាប់របស់អតិថិជនបានថ្លែងប្រាប់អង្គភាពសារព័ត៌មាន បក្សីត្រចៀកកាំ-BTN NEWS នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន អ្នកស្រី អឹម ស្រីមុំ ជាអតិថិជន និងជាតំណាងប្រជាពលរដ្ឋទំាង១៨គ្រួសារបានលើកឡើងថា «ក្រោយបានទិញផ្ទះ និងបង់ប្រាក់មានទាំងប្រាក់បង់ផ្ដាច់ និងបង់រំលោះយកផ្ទះនៅក្រុមហ៊ុន ភ្នំពេញលែនឌីវេឡុបម៉ិន ឯ.ក អស់រយៈពេលច្រើនឆ្នាំមកហើយ ដោយក្រុមហ៊ុនបានសន្យាទិញរយៈពេល២ឆ្នាំនឹងធ្វើផ្ទះឲ្យបានរួចរាល់ជូនអតិថិជន ប៉ុន្ដែតាមពិតក្រុមហ៊ុនបានកុហក ដោយមិនបានសាងសង់ឲ្យបានរួចរាល់នោះទេ ដោយផ្ទះទើបតែធ្វើខ្លះៗបានតែ៣០% មិនស្មើនឹងតម្លៃលុយដែលបង់ទាល់តែសោះ»។

តំណាងប្រជាពលរដ្ឋរូបនេះបន្តថា « អតិថិជនចំនួន១៨គ្រួសារដែលបានទិញផ្ទះពីក្រុមហ៊ុនខាងលើនេះ ដោយបានចំណាយប្រាក់សរុបជិត១លានដុល្លារ ដើម្បីទិញផ្ទះ ប៉ុន្ដែជាលទ្ធផលក្រុមហ៊ុនបានយកលេសគ្រប់យ៉ាងមិនមានទំនួលខុសត្រូវជូនអតិថិជនទាល់តែសោះ។
ដោយកើតទុកមិនសុខចិត្តជាមួយក្រុមហ៊ុនខាងលើ អតិថិជនទាំង១៨គ្រួសារ បានដាក់លិខិតទៅក្រុមហ៊ុន ភ្នំពេញលែនឌីវេឡុបម៉ិន ឯ.ក ស្វែងរកដំណោះស្រាយអស់ចំនួន៣ដងផងដែរ ប៉ុន្ដែហាក់ដូចជាគ្មានបានលទ្ធផលអ្វីបន្ដិចសោះ គឺមិនគោរពតាមគោលការណ៍ផ្លូវច្បាប់ ហើយបានគេចវេសសព្វបែបយ៉ាង។

អ្នកស្រី អ៊ឹម ស្រីមុំ បានបន្ថែមទៀតថា « គាត់ទិញផ្ទះតាំងពីឆ្នាំ២០១៩ ប៉ុន្ដែពេលចូលមកដល់រយៈពេលកូវីដ គាត់ឈប់ធ្វើ បានយកលេសថា ក្រុមហ៊ុនសាងសង់ក្ស័យធន់ហើយបោកលុយគាត់ និយាយរួមលេសខាងគាត់ (ក្រុមហ៊ុន) មួយរយជំពូកតែម្ដង។ ពួកខ្ញុំបានធ្វើការតវ៉ាជាមួយគាត់៣ដងមកហើយ លិខិតលើកទី១ លើកទី២ លើកទី៣ ដល់ពេលលើកទី៣បានគាត់ចេញមុខមក ឲ្យមេធាវីគាត់ចេញមុខមកដោះស្រាយ ហើយអ្វីដែលពួកគាត់បានឆ្លើយតបមកពួកខ្ញុំ គឺទទួលយកអត់បាន។

តំណាងជនរងគ្រោះរូបនេះ បានបញ្ជាក់ទាំងអួលដើមករទៀតថា« និយាយរួមគឺខាងក្រុមហ៊ុននិយាយមកអត់មានទំនួលខុសត្រូវដល់ក្រុមនាងខ្ញុំទាំង១៨គ្រួសារនេះទេ ពោលគឺ ក្នុងកិច្ចសន្យាអត់មានចារត្រង់ណាទិញផ្ទះពីអតិថិជនវិញ ដោយក្រុមហ៊ុន បាននិយាយយ៉ាងច្បាស់ថា យ៉ាងយូ២ឆ្នាំនឹងបានផ្ទះមកនៅ។ ក្នុងឯកសារកុងត្រាអត់មានថ្ងៃខែចូលនៅ ដល់ពេលចឹងទៅ ខ្ញុំចេញទៅតវ៉ាឲ្យដាក់ថ្ងៃខែចូលនៅពិតប្រាកដ ហើយគេអត់ព្រមអត់អាចកែបានទេ បើអត់ចង់ទិញក៏អត់ទៅ ប៉ុន្ដែយកលុយកក់យើងហើយ ប៉ុន្ដែរយៈពេល២ឆ្នាំហើយម្នាក់ៗស្រងាកចិត្ដ បាននាំគ្នាតវ៉ា។ អតិថិជនទាំង១៨គ្រួសារ នៅតែទទ្ទឹងរងចាំការសាងសង់អស់រយៈកាល៤ឆ្នាំ ហើយពួកគាត់សំណូមពរសូមឲ្យក្រុមហ៊ុន ភ្នំពេញលែនឌីវេឡុបម៉ិន ឯ.ក ចេញមុខដោះស្រាយផ្ដល់លុយដើម និងថ្លៃការប្រាក់មកអតិថិជនមកវិញផង។

អតិថិជនទាំងអស់ សូមសំណូមពរដល់ឯកឧត្តម ឧត្តមសេនីយ៍ ង៉ាន់ ចន្ទវឌ្ឍនា ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ និងលោកជំទាវ សែ លីលី ដែលជាម្ចាស់បុរី និងជាកូនរបស់លោកឧកញ៉ា បុរីវារីណា សូមជួយដោះស្រាយឲ្យពួកយើងផងជាអតិថិជនកុំគេចវេសបន្ដទៀត។

ពាក់ព័ន្ធករណីខាងលើអង្គភាពសារព័ត៌មាន បក្សីត្រចៀកកាំ-BTN NEWS នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នេះមិនអាចសុំការបំំភ្លឺពីភាគីខាងគម្រោងបូរីអៃស៊ីធី នៃក្រុមហ៊ុន ភ្នំពេញលែនឌីវេឡុបម៉ិន ឯ.ក ដើម្បីសុំការបកស្រាយបន្ថែមជុំវិញអតិថិជនរបស់ខ្លួនទិញផ្ទះនិងប្រគល់ប្រាក់មួយចំនួនទៅក្រុមហ៊ុនក៏ដោយ តែមិនមានលេខទំនាក់ទំនង ទោះជាយ៉ាងណាអង្គភាពសារព័ត៌មាន បក្សីត្រចៀកកាំ-BTN NEWS នៅតែរងចាំការបកស្រាយបំភ្លឺបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬអាចទំនាក់ទំនងតាមលេខ៖ 0713071111។

អង្គភាពសារព័ត៌មាន បក្សីត្រចៀកកាំ-BTN NEWS នឹងធ្វើបច្ចុប្បន្នភាពរឿងនេះបន្តទៅទៀតថា តើរឿងនេះនិងទៅជាយ៉ាង ហើយតើក្រុមហ៊ុនមួយនេះគោរពតាមគោលការណ៍ដែលខ្លួនបានសន្យាជាមួយអតិថិជនបានកម្រិតណា ខណៈអតិថិជនអស់ជំនឿជាមួយក្រុមហ៊ុនមួយនេះ៕

Author: BTN ONLINE

Leave a Reply

Your email address will not be published.