អង្គភាពសារព័ត៌មាន​ចំនួន​២ ឆ្លើយតបលោក នៅ រំដួល មេធាវីតំណាងជនជាតិវៀតណាម អ៊ុក ចាង ម្ចាស់កាស៊ីណូ Galaxy 888 បានចេញលិខិតគំរាមប្ដឹង ប្រសិនបើមិនលុបព័ត៌មាន និងសុំទោសជាសាធារណៈ ដែលមានចេតនាបំបិទសិទ្ធសេរីភាពសារព័ត៌មាន ផ្គើននឹងប្រសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី

(ភ្នំពេញ) ៖ ទាក់ទិននឹងខ្លឹមសារលិខិតជូនដំណឹងរបស់លោកមេធាវី នៅ រំដួល ដែលជាមេធាវីការពារសិទ្ធរបស់ជនជាតិវៀតណាមលោក Let Quang Trang ហៅ អ៊ុក ចាង ក្នុងលិខិតមួយផ្ញើមកជាច្រើនអង្គភាព ក្នុងក្នុងនោះក៏មានសារព័ត៌មាន​ «ណាញធីវី» និង​ «វីអូខេ» ដោយបានដាក់កំហិតគំរាមប្ដឹងអ្នកសារព័ត៌មានប្រសិនបើមិនលុបព័ត៌មានទាក់ទង និងដាក់កំហិតឲ្យសុំទោសជាសាធារណៈ ក្នុងរយៈពេល៧ថ្ងៃ ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានអំពីកូនចៅរបស់លោក អ៊ុក ចាង ដែលបាននាំគ្នាមកកាប់លើបុរសម្នាក់ឈ្មោះ ង្វៀន វ៉ាន់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរជាទីបំផុត ស្ថិតនៅចំណុចផ្ទះលេខ​ 03Y04 ភូមិ​ចេក​ ឃុំសំរោង​ ស្រុកចន្ទ្រា​ ខេត្តស្វាយរៀង​។

ការគំរាមប្តឹងអ្នកសារព័ត៌មាននេះ យោងតាមលិខិតមួយ ដែលអង្គភាពសារព័ត៌មាន «ណាញធីវី» និង​ «វីអូខេ» ទទួលបាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដោយបានភ្ជាប់នូវឯកសារជូន​ដំណឹង​មានចេតនាគំរាម​ឲ្យ​ឲ្យ​លុប​ព័ត៌មាន​​ និងដាក់កំហិត​ឲ្យសុំទោស​ជាសាធារណៈ ធ្វើឲ្យ​ប៉ះពាល់ដល់សេរីភាពសារព័ត៌មានយ៉ាងខ្លាំង​។

ទាក់ទងនឹងករណីនេះផងដែរ អង្គភាពព័ត៌មានយើង ទទួលបានព័ត៌មាន​ពីអង្គភាពសារព័ត៌មាន​ «ណាញធីវី» និង «វីអូខេ» ដែលជា​សមាជិក​នៃសមាគម​អ្នក​សារព័ត៌មាន​យុវជន​ បានធ្វើការ​ឆ្លើយតប​ទៅ​លោកមេធាវី​ នៅ រំដួល ដែល​ជាមេធាវីការពារសិទ្ធ​របស់​ជនជាតិ​វៀតណាម​ អ៊ុក​ ចាង​ ម្ចាស់កាស៊ីណូ Galaxy 888 នៅខ្លឹម​សារ​ផ្លូវ​ច្បាប់មួយចំនួន​ថា៖

១.សូមឲ្យលោកមេធាវី នៅ​ រំដួល​ សូមសិក្សារច្បាប់ស្ដីពីរបបសារព័ត៌មានឲ្យបានច្បាស់លាស់ អង្គភាពសារព័ត៌មាន «ណាញធីវី» និង​ «វីអូខេ» បានផ្សព្វផ្សាយ​ដោយ​មាន​ប្រភពច្បាស់លាស់​ ហើយ​មាន​ឯកសារពាក់ព័ន្ធមួយចំនួន​ និង​ផ្សាយ​ព័ត៌មានតាមប្រភព​សមត្ថកិច្ចចុះបង្ក្រាបជាក់ស្ដែង ម្យ៉ាងទៀត​សូមលោក​យល់ថា រាល់ព័ត៌មាន​ដែលពិតប្រាកដ​បើផ្សាយ​ហើយ គឺមិនអាច​លុប​បានជាដាច់ខាត​ ប្រសិនបើលោកយល់ថា មិនត្រឹមត្រូវសូមបកស្រាយឲ្យបានច្បាស់លាស់ មានលិខិតជូនដល់សាម៉ីអង្គភាពឲ្យបានច្បាស់លាស់ ដើម្បីលាងភាពស្អាតស្អំរបស់ខ្លួន ក្នុងរយៈពេល១សប្ដាហ៍ប្រសិនបើមិនផ្សាយបំភ្លឺទេ អាចដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់បាន។

២.ពាក់ព័ន្ធនឹងកម្មវត្ថុរបស់លោកមេធាវី នៅ រំដួល លោកបានប្រើសិទ្ធជាមេធាវីហួសហេតុពេក​ ដោយបានដាក់បទបញ្ជាឲ្យលុប និងសុំទោសជាសាធារណៈ ​ពាក់ព័ន្ធ​នឹងខ្លឹមសារ​ព័ត៌មា​ន​ ដែលបានចុះផ្សាយកូន​ចៅ​របស់លោក អ៊ុក ចាង ដែលបម្រើការងារ​ស្ថិតនៅ​កាស៊ីណូ Galaxy 888 វាយលើជនរងគ្រោះ ង្វៀន វ៉ាន់​ គឺលោកមេធាវីប្រើសិទ្ធធំជាងក្រសួងព័ត៌មានទៅទៀត អង្គភាពសារព័ត៌មាន «ណាញធីវី​» និង​ «វីអូខេ» សូមណែនាំលោកមេធាវីថា គឺផ្សាយយោងតាមផ្លូវច្បាប់ ដោយមិនលំអៀងខាងណាទេ អង្គភាពសារព័ត៌មាន «ណាញ​ធីវី» និង «វីអូខេ» ផ្សព្វផ្សាយ ដោយយោងតាមលក្ខន្ដិកៈ និងច្បាប់ ដែលបានតម្កល់ក្នុងក្រសួងព័ត៌មាន។

៣.ពាក់ព័ន្ធនឹងការផ្សាយអត្ថបទខាងលើនេះ​ អង្គភាពសារព័ត៌មាន «ណាញធីវី និង​ «វីអូខេ» សូមជម្រាបជូនលោកមេធាវី​​ថា គឺផ្សាយ​មាន​ប្រភពច្បាស់ការណ៍ រាល់ខ្លីបវីដេអូ​ បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់ថា ជនបង្កទាំង​១៤ គឺជាបុគ្គលិក​របស់​កាស៊ីណូ Galaxy 888 ពិតប្រាកដមែន​ ជាពិសេស​កំណត់ហេតុ​របស់សមត្ថកិច្ច​ គឺបានបញ្ជាក់​យ៉ាង​ច្បាស់លាស់​ថា បុគ្គលទាំង​នោះ បាន​វាយ​លើជនរងគ្រោះ​ពិតប្រាកដមែន​ មិនមែន​ដូច​លោកមេធាវី​លើកឡើងបែបប្រឌិតនោះឡើយ។ ពាក់ព័ន្ធនឹងការផ្សាយនេះ​ អង្គភាព​ព័ត៌មាន «ណាញធីវី» និង​ «វីអូខេ» ផ្សព្វផ្សាយ​តាមព័ត៌មានដោយ​មិន​បញ្ចេញពាក្យពេចន៍ណាដែលមានចរិតលក្ខណៈបរិហាកេរ្ដិ៍ និងញុះញង់ឲ្យខូចខាតដល់ភាគីណាម្នាក់ឡើយ គោលបំណងតែមួយគត់ គឺផ្សព្វផ្សាយ​ជូនសាធារណៈជន​តាមក្រមសីលធម៌ និង​វិជ្ជាជីវៈសារព័ត៌មាន។

៤.ពាក់ព័ន្ធអង្គភាពព័ត៌មាន គឺខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានជូនសង្គមជាតិ ម្យ៉ាងទៀតក្រោយជំនួបសំណេះសំណាលរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣កន្លងទៅ ដោយយោងតាមប្រសាសន៍ថា អ្នកសារព័ត៌មានត្រូវបន្ដយុទ្ធនាការប្រយុទ្ធភាពអសកម្ម ភាពមិនត្រឹមត្រូវ និងអំពើរពុករលួយ និងដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ត្រូវយកព័ត៌មានពិតមកបង្ក្រាប ដោយធ្វើឲ្យបានលឿនរហ័ស ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ប៉ុន្ដែលោកមេធាវី បែរដាក់កំហិតដោយឲ្យលុបព័ត៌មានពិត ធ្វើឲ្យ​ប៉ះពាល់ដល់សេរីភាពអ្នកសារព័ត៌មាន​ខ្លាំង​ក្លាជាទីបំផុត។

៥.ពាក់ព័ន្ធករណីនេះ ការផ្សព្វផ្សាយ​ដោយ​យោង​លើការសម្ភាស​តាមប្រភព​ព័ត៌មានពីទីតាំងកើតហេតុ ដែលមានសហការី​អង្គភាព​សារព័ត៌មាន «ណាញធីវី និង​ «វីអូខេ» បាន​ចុះដល់ទីតាំងកើតហេតុជាក់ស្ដែង ប៉ុន្ដែ​លោកមេធាវី​ឆ្លើយ​ថា មិនពិត​ គឺស្រេច​តែលើ​ការនិយាយរបស់លោកមេធាវីប៉ុណ្ណោះ​ ព្រោះលោកក៏បានបញ្ជាក់ថា​ កូនក្ដីរបស់លោក​ក៏បានទិញកាស៊ីណូមួយនេះផងដែរ​  ក្នុងនាមអង្គភាព «ណាញធីវី» និង​ «វីអូខេ» ជាសមាជិករបស់សមាគមសារព័ត៌មានយុវជន ដែលបានចងសម្ព័ន្ធជាសម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ដែលមាន១៤សមាគមធំៗនៅក្នុងប្រទេសកម្ពុជា និងស្នើសុំអង្គភាពចំណុះមានទូរទស្សន៍ កាសែត និងគេហទំព័រ ដើម្បីបន្ដបេសកម្ម​ស្រាវជ្រាវ​​ប្រភពបន្ដទៀតពីសមត្ថកិច្ច និងនីតិវិធី​ចំណាត់ការផ្លូវ​ច្បាប់​បែបណាបន្ដទៀត ដើម្បីផ្សព្វផ្សាយជូនរាជរដ្ឋាភិបាលតាមវិជ្ជាជីវៈសារព័ត៌មាន។

៦.ករណីលោកមេធាវី នៅ រំដួល បានដាក់កំហិតថា ប្រសិនបើមិនលុប និងធ្វើការសុំទោសជាសារធារណៈក្នុងរយៈពេល៧ថ្ងៃ ខ្លួននឹងដាក់ពាក្យបណ្ដឹង។​ ក្នុងនាមអង្គភាពសារព័ត៌មាន «ណាញធីវី» និង «វីអូខេ» ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវទទួលស្គាល់ពីក្រសួងព័ត៌មាន និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺមានសិទ្ធក្នុងការប្ដឹងតបតតាមផ្លូវច្បាប់ដូចគ្នា គឺមិនមែនតែលោកមេធាវី នៅ រំដួល និងកូនក្ដីលោកមេធាវីនោះទេ។ អង្គភាពសារព័ត៌មាន «ណាញធីវី» និង​​ «វីអូខេ» សូមណែនាំលោកមេធាវី​ នៅ​ រំដួល​ ថា លោកគួរ​តែបំភ្លឺ​លាងភាព​ស្អាតស្អំ​របស់ជនជាតិ​វៀតណាម អ៊ុក ចាង ដើម្បី​បង្ហាញ​ភាពត្រឹមត្រូវ​របស់ខ្លួន​ ជាជាង​ប្រើសិទ្ធ​របស់លោកមេធាវី​លើសក្រសួងព័ត៌មាន តាមរូបភាព​ជូនដំណឹង​មានលក្ខណៈ​ប្រើសិទ្ធ​គំរាមកំហែង​​អ្នកសារព័ត៌​មាន​ពាក់ព័ន្ធនឹងផ្លូវ​ច្បាប់បែបនេះទេ​។

ដើម្បីបង្ហាញ​ភាព​ត្រឹមត្រូវ​ ដោយឈលើគោលការណ៍​ផ្លូវ​ច្បាប់​ លោកគួរ​បំភ្លឺ​ឲ្យ​​បាន​ត្រឹមត្រូវ​អង្គភាពសារព័ត៌មាន «ណាញធីវី» និង​ «វីអូខេ» មិនមាន​សិទ្ធផ្សាយ​ចោទប្រកាន់បុគ្គលណាម្នាក់នោះទេ ដូច្នេះសូមលោកមេធាវី នៅ រំដួល និងសាធារណជនសូមជ្រាបជាព័ត៌មាន។

ទោះជាយ៉ាងណាអង្គភាពសារព័ត៌មានទាំង​២ សូមសំណូមពរដល់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាមេត្តាមានវិធានការណ៍លើលោក នៅ រំដួល ដែលជាមេធាវី សូមមេត្តាកុំប្រើសិទ្ធហួសព្រំដែន ខណៈបញ្ជា និងគំរាមប្តឹងអ្នកសារព័ត៌មាន ដែលនេះជាចេតនា បំបិទសិទ្ធសេរីភាពអ្នកសារព័ត៌មាន ក្នុងការចុះផ្សាយនូវព័ត៌មានជូនសង្គមជាតិជាដើម ហើយអង្គភាពសារព័ត៌មានយើងខ្ញុំ នៅតែចាំមើលថា តើរឿងនេះនឹងទៅជាយ៉ាងណា ?៕

Author: BTN ONLINE

Leave a Reply

Your email address will not be published.