
មណ្ឌលគិរី÷ កាលពីពេលថ្មីៗនេះ ពលរដ្ឋបានសម្ដែងប្រតិកម្មខ្លាំងៗ ចំពោះកុង ត្រូលជជុះ របស់មន្ត្រីនគរបាលសេដ្ឋកិច្ចឈ្មោះ យូ ប៊ុនស្រៀង ដែលលបលួចដាក់នៅជាប់កំណាត់ផ្លូវជាតិលេខ ៧៦ ត្រង់ចំណុចចំការស្រល់ផ្លូវចូលភូមិពូតាំង ក្រុងសែន មនោរម្យ ដោយថា បានបង្កការរំខាន និងធ្វើទុក្ខបុក ម្នេញដល់ការប្រកបរបរចិញ្ចឹមជីវភាពរបស់ពួកគាត់ ។
ប្រភពថា ស្ទើរតែគ្រប់រថយន្តទូរីសដឹកអ្នកដំណើរទាំងមុខចូលក្រុង ចេញពីក្រុងសែន មនោរម្យគឺត្រូវតែចូលសម្ដែងការគួរសម ចំពោះមន្ត្រីប៉ូលីសសេដ្ឋកិច្ចដែលស្លៀកពាក់ស៊ីវិលនៅចំណុចខាងលើជានិច្ច បើពុំនោះទេពួកគេ នឹងចេញឡានប្រដេញ ដែលអ្នកខ្លះមិនបានដឹងជើងការមុនភ័យស្លន់ បើករហូតចង់ធ្លាក់ប្រឡាយស្លាប់ក៏មាន ។ ចំណែករថយន្តដឹកឈើទៅវៀតណាមដែលមានកញ្ចប់ធំវិញ ក្រុមកូនចៅលោកយូប៊ុន ស្រៀង ទាំងនោះសម្ងំឲ្យធ្វើចរាចរណ៍យ៉ាងរលូនតែម្ដង ព្រោះគេបានចរចាត្រូវរ៉ូវគ្នារួចហើយ ។
តាមសេចក្ដីរាយការណ៍ក៏បានឲ្យដឹងផងដែរថា សូម្បីតែប្រជាពលរដ្ឋដែលកាប់ឆ្ការព្រៃធ្វើចម្ការក៏ត្រូវបានកូនចៅលោក យូ ប៊ុនស្រៀង រុកគួនគាបយកលុយតាមជាក់ស្ដែងដោយមិនឲ្យរបូតឡើយ ។ ដែលទាំងនេះបានធ្វើឱ្យពួកគាត់ក្ដៅ ក្រហាយយ៉ាងខ្លាំង , អ្នកខ្លះឈឺ ចាប់ពេករហូតដល់ដាក់ បណ្ដាសាដោយប្រើពាក្យអាក្រក់ៗក៏មាន ។
លោក យូ ប៊ុនស្រៀង មេប៉ូលីសសេដ្ឋកិច្ចដែលគ្រប់គ្រងកុងត្រូលជជុះនេះ មិនអាចស្វែងរកការបំភ្លឺបានទេ ។ តែយ៉ាងណាក៏ដោយកន្លងទៅ ក្រសួង មហាផ្ទៃក៏ដូចជាអគ្គស្នងការនគរបាលជាតិ បានហាមដាច់ខាតរឿងដាក់ កុងត្រូលតាមផ្លូវចាំយកលុយពីរថយន្តដឹកទំនិញ ។
សកម្មភាពរបស់ក្រុម លោក យូ ប៊ុនស្រៀង ដែលក្នុងនោះរួមមានទាំងអគ្គនាយកដ្ឋានប្រ ឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃផង ពិតជាបានរំលោភ និងប្រមាថដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ថ្នាក់ដឹកនាំស្ថាប័ន ដែលគួរតែមានការដាក់ពិន័យទណ្ឌទោសដោយមិនអាចអត់ឱនឲ្យបានឡើយ ៕




